Pocophone F1 អាចថតវីដេអូចលនាយឺត Super Slo-Mo កម្រិត 960fps និង Night Mode ផ្លូវការណ៍ហើយ

Pocophone F1 ឬ POCO គឺជាកំពូលស្មាតហ្វូនដ៏ប្រល័យមួយរបស់ក្រុមហ៊ុន Xiaomi។ កំពូលស្មាតហ្វូនដែលពាក់ស្លាកសញ្ញាថ្មីរបស់ Xiaomi មួយនេះវាត្រួវបានក្រុមហ៊ុនផលិតឡើងយ៉ាងពិសេសដោយបំពាក់នូវកំលាំងម៉ាស៊ីនខ្លាំងកប់គឺរត់លើកំពូលឈីប Snapdragon 845 និងចេញលក់ក្នុងតម្លៃធូរថ្លៃបំផុតគឺខ្ទង់ជាង $300 តែប៉ុណ្ណោះ។ សម្រាប់ផ្នែករឹង (Hardware) នៃស្មាតហ្វូនមួយនេះគឺខ្លាំងក្លាអាចជ្រៀតចូលទីផ្សារកំពូលស្មាតហ្វូនបាន ប៉ុន្តែសម្រាប់ផ្នែកទន់ (Software) វិញគឺនៅរាងស្ទើរបន្តិចពិសេសលើកម្មវិធីថតរូបតែម្តង។

យ៉ាងណាមិញក្រុមហ៊ុន Xiaomi បានខិតខំក្នុងការកែប្រែបន្ថែមទៅលើផ្នែក Software នៃស្មាតហ្វូនមួយនេះអោយកាន់តែមានភាពល្អប្រសើរឡើង។  ជាលទ្ធផលក្នុងកំឡុងខែធ្នូ ឆ្នាំ 2018 ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីរបស់ Xiaomi បានដាក់ចេញកំណែអាប់ដែតក្នុងជំនាន់ beta នៃ MIUI10 សម្រាប់ក្រុម Developer សាកល្បងនៅលើ Pocophone F1 ដោយក្នុងកំណែនេះគឺបានបន្ថែមនូវមុខងារកាមេរ៉ាថតរូបពិសេសចំនួនពីរគឺមុខងារថតវីដេអូចលនាយឺតកប់ Super Slo-mo កម្រិត 960fps និងមុខងារជំនួយពន្លឺថតនៅពេលយប់ Night mode។

ហើយអ្វីដែលជាដំណឹងល្អសម្រាប់ម្ទាស់ Pocophone F1 នៅក្នុងពេលនេះ គឺពួកគេអាចធ្វើបច្ចុប្បន្នភាពសម្រាប់មុខងារថ្មីទាំងពីរនេះ បានហើយជាមួយកំណែអាប់ដែតផ្លូវការណ៍ចុងក្រោយបង្អស់របស់ខក្រុមហ៊ុន គឺ MIUI V10.2.2.0 ដែល Xiaomi ទើបតែបានប្រកាសចេញដាក់អោយធ្វើការអាប់ដែតជាផ្លូវការណ៍។  ម្ទាស់ Pocophone F1 អាចចូលទៅត្រួតពិនិត្យ និងធ្វើការទាញយកកំណែអាប់ដែតថ្មីចុងក្រោយនេះនៅក្នុង Setting ត្រង់ About Phone និង Software Update ដែលមានទំហំក្នុងទាញយកគឺ 311MB។

បន្ទាប់ពីធ្វើបច្ចុប្បន្នភាពរួចរាល់យើងអាចប្រើប្រាស់មុខងារ Super Slo-mo កម្រិត 960fps ចេញពីកម្មវិធីកាមេរ៉ាបន្ថែមពីលើមុខងារ Slo-mo កម្រិត 120fps និង 240fps ហើយនឹងមុខងារ Night mode ដែលអាចជួយធ្វើអោយការថតប្លង់រូបភាពនៅពេលយប់បានច្បាស់ដែលវានឹងផលិតរូបភាព 8 ប្លង់ជាមួយកម្រិត exposure ផ្សេងៗគ្នា និងកាត់បន្ថយស្នាមគ្រាប់អ៊ុចៗបានប្រសើរបំផុតដែលធ្វើអោយគុណភាពរូបភាពផលិតចេញមកបានច្បាស់បំផុត។  ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺការថតវីដេអូចលនាយឺតកម្រិត 960fps នេះមិនទាន់មានលទ្ធភាពអាចថតដល់កម្រិត 4K ដូចអ្វីដែល Xiaomi បានសន្យាកាលពីឆ្នាំកន្លងទៅនោះទេ នេះប្រហែលជាត្រូវចាំកំណែអាប់ដែតលើក្រោយ ដែលតាមការអោយដឹងប្រហែលជា Xiaomi នឹងបញ្ចេញអោយធ្វើការអាប់ដែតជាថ្មីនៅក្នុងខែកុម្ភះខាងមុខនេះ៕

ទាញយក

Comments
Loading...