Spotify គឺជាកម្មវិធីសម្រាប់ចាក់បទចម្រៀង ដែលមានភាពប្រជាប្រិយភាពទូទាំងពិភពលោក ហើយត្រូវបានចាប់ផ្ដើមបង្កើតដំបូងនៅក្នុងឆ្នាំ 2008 ដោយក្រុមហ៊ុនមួយក្នុងប្រទេសស៊ុយអែត និងនាពេលបច្ចុប្បន្ននេះ ទទួលបានអ្នកប្រើប្រាស់ជាប្រចាំបានលើសពី 140 លាននាក់ទៅទៀត។ នាពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Spotify ក៏បានដាក់បញ្ចេញមុខងារថ្មីមួយ ទៅដល់អ្នកប្រើប្រាស់ ដោយអនុញ្ញាតឲ្យ Block តារាចម្រៀងណាមួយ ដែលអ្នកមិនសូវពេញចិត្តបាន ដូចនៅក្នុងកម្មវិធីបណ្ដេញសង្គមនានាអញ្ចឹងដែរ។
ក្រោយពីអ្នកបាន Blocked តារាចម្រៀង ឬក៏ក្រុមចម្រៀងណាមួយហើយ បទចម្រៀងទាំងអស់របស់តារានោះ នឹងត្រូវបានបាត់ពីគណនីរបស់អ្នកផ្ទាល់ ហើយបើតាមមតិរបស់អ្នកប្រើប្រាស់វិញ គឺពិតជាមានភាពរីករាយណាស់ ទៅលើមុខងារថ្មីនេះផងដែរ។ ក៏ដូចទៅនឹងក្រុមហ៊ុនដទៃទៀតដែរ មុខងារថ្មីនេះទើបត្រូវបាន Spotify ដាក់នៅលើគណនីមួយចំនួនប៉ុណ្ណោះ ដោយនៅពេលមុខងារនេះដំណើរការបានល្អហើយ ទើបបានដាក់ឲ្យអ្នកប្រើប្រាស់ទាំងអស់ទូទាំងប្រទេសតែម្ដង។ គួរឲ្យសោកស្ដាយ កម្មវិធី Spotify នៅមិនទាន់បើកក្នុងប្រទេសយើងនៅឡើយទេ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ VPN បើសិនជាចង់សាកល្បងប្រើប្រាស់វា។ ចំណែកឯការប្រើប្រាស់នៃមុខងារថ្មីនេះវិញ គឺតម្រូវឲ្យអ្នកទាំងអស់គ្នាចូលទៅក្នុងទំព័រតារាចម្រៀង ដែលអ្នកចង់ Block បន្ទាប់មកចុចលើសញ្ញា “…” ដែលនៅក្រោមឈ្មោះតារានោះ ហើយចុចលើពាក្យថា “Don’t play this artist” នោះបទទាំងប៉ុន្មានរបស់តារាចម្រៀងនេះ នឹងត្រូវបានបាត់ពីគណនីរបស់អ្នកហើយ។
សរុបមក មុខងារ Block ថ្មីនេះ នៅមិនទាន់បានដាក់ប្រកាសដោយក្រុមហ៊ុន Spotify ផ្ទាល់នោះឡើយ ដោយគ្រាន់តែត្រូវបានអ្នកប្រើប្រាស់មួយចំនួនប្រទះឃើញវា ដូច្នេះនាពេលខាងមុខ មុខងារនេះក៏អាចនឹងត្រូវបានដកចេញវិញផងដែរ បើសិនជាមានរឿងអ្វីមិនល្អកើតឡើង។
បញ្ចេញមតិយោបល់ខាងក្រោម៖