ឆាប់ៗខាងមុខ អ្នកនឹងអាច​លេង​ហ្គេម Xbox One នៅ​លើ​ស្មាតហ្វូន​ឬ​ថេប្លេត ជាមួយ​ក្រាហ្វិច​កប់​ស៊េរី

0 16

Project xCloud មិនមែនជារឿងថ្មីនោះទេ វាគឺជាគម្រោង ដែលបានកំពុងធ្វើតេស្ដសាកល្បងជាច្រើនខែណាស់មកហើយ ហើយ​នៅ​ពេល​ដែល​វាចេញជាផ្លូវហើយនោះ វានឹងជួយច្រើនទៅដល់អ្នកលេងហ្គេម ព្រោះថាសេវាកម្មថ្មី ដែលក្រុមការងារបច្ចេកទេសរបស់ Microsoft កំពុងធ្វើការយ៉ាងសកម្មមួយនេះ នឹងបើកសិទ្ធិឲ្យអ្នកលេងហ្គេមមានក្រាហ្វិចកប់ៗបាន ដោយគ្រាន់​តែ​ត្រូវ​មាន​ល្បឿន​អ៊ិនធឺណិត​ទៅ​គឺ​បានហើយ។

Project xCloud គឺជាគម្រោងមួយ ដែលមានភាពវៃឆ្លាត ហើយ Microsoft ដឹងថា អតិថិជនរបស់ខ្លួន​នឹង​ប្រើប្រាស់​សេវាកម្ម​នេះ​ជាជាង​ការប្រើប្រាស់សេវាកម្ម Stream នៅលើកុំព្យូទ័រ ដោយបច្ចុប្បន្ន nVIDIA ក៏មានដែរ តែមិនសូវជាល្បីប៉ុន្មាននោះទេ។ សម្រាប់ Project xCloud វិញ វាក៏មិនខុសគ្នាពីសេវាកម្ម Stream តន្ត្រី ឬខ្សែភាពយន្តក្នុងពេលបច្ចុប្បន្នដែរ មានន័យថាវាគឺសេវាកម្ម Stream ហ្គេម ចេញពីស្ថានីយទិន្នន័យរបស់ Microsoft ហើយធ្វើការទំនាក់ទំនងទៅវិញទៅមកជាមួយនឹងស្មាតហ្វូន ឬថេប្លេត ដែល​អាច​លេងហ្គេមរបស់ម៉ាស៊ីន Xbox បានក្នុងកម្រិតក្រាហ្វិចដូចអ្នកមានម៉ាស៊ីនហ្គេមនេះជាប់ខ្លួនអញ្ចឹង អាចលេងនៅទីណា ពេល​ណាក៏បាន គ្រាន់តែមានសេវាអ៊ិនធឺណិតទៅគឺបានហើយ។

លក្ខណៈពិសេសទៀតនោះគឺ សេវាកម្មនេះបើកសិទ្ធិឲ្យអតិថិជនខ្លួនភ្ជាប់ដៃតេឡេ ដើម្បីលេងបានទៀតផង ផ្ដល់នូវភាពងាយ​ស្រួល​ខ្លាំង​បំផុត ព្រោះថាវាមិនត្រឹមតែអាចលេងនៅលើអេក្រង់ស្មាតហ្វូន ឬថេប្លេតប៉ុណ្ណោះទេ ក្នុងករណីដាច់ភ្លើងនៅផ្ទះ ឬក៏ខូច​ទូរទស្សន៍​/ម៉ូនីទ័រ ជាអាទិ៍ សេវាកម្ម Project xCloud របស់ Microsoft នឹងជំនួសដៃជើងបានយ៉ាងច្រើនបំផុត ពិសេសអ្នកលេងហ្គេម Online តែម្ដង។ គួរបញ្ជក់ផងដែរថា សេវាកម្មថ្មីមួយនេះនៅមិនទាន់បើកជាផ្លូវការសម្រាប់​បំរើទៅដល់អ្នកលេងហ្គេម​ជុំវិញ​ពិភព​លោក​នៅ​ឡើយ​ទេ តែបើយោងតាមវីដេអូខាងក្រោម សបង្ហាញឲ្យឃើញថា Microsoft គួរតែជិតដល់ពេលវេលាក្នុងការប្រកាសចេញ​ឲ្យ​ប្រើប្រាស់​សេវាកម្មនេះហើយ។

 

 

ខេមបូរីផត ចង់បន្ថែមទៀតថា សេវាកម្មនេះនៅមិនទាន់បញ្ជាក់តម្លៃនោះទេ ហើយការចេញជាលើកដំបូងក៏អាចនឹងថ្លៃបន្តិច ដោយ​បង់​មួយខែថ្លៃ ឬបង់ច្រើនខែទទួលបានការបញ្ចុះតម្លៃជាដើម ដោយការបង់ថ្លៃនេះ គឺសម្រាប់ការប្រើប្រាស់សេវាកម្ម Stream មិន​មែន​មានន័យថាអ្នកអាចលេងហ្គេមអ្វីតាមចិត្តចង់នោះទេ បើចង់លេងហ្គេមមួយណា ប្រភេទណា គឺត្រូវចំនាយប្រាក់​ទិញ​ហ្គេម​នោះ​ដាច់​ដោយ​ឡែកផ្សេងទៀតទើបបាន។

Comments
Loading...

You're currently offline