ចង់ដឹងទេថា Pixel 4 និង Pixel 4 XL អាចនឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ណា? តម្លៃ​ប៉ុន្មាន?

ដូចដែលមិត្តអ្នកអានទាំងអស់គ្នា បានដឹងហើយថា រហូតមកដល់ពេលនេះ មានបណ្តាព័ត៌មានលេចធ្លាយជាច្រើន បាន​ចុះ​ផ្សាយ​ជាហូរហែរ ទាក់ទងទៅនឹង ស្មាតហ្វូនជំនាន់ថ្មីគឺ Pixel 4 និង Pixel 4 XL របស់ក្រុមហ៊ុន Google ដែលត្រៀមនឹងបង្ហាញវត្តមាន នៅពេលខាងមុខ។ អ្វីដែលយើងចុះផ្សាយកន្លងមក គឺត្រូវបានគេបង្ហាញ ពីរូបរាងគម្រូ, លក្ខណៈសម្បត្តិ និងមុខងារ ឬបច្ចេកវិទ្យា មួយចំនួន ដែលគេរំពឹងថា អាចនឹងបំពាក់លើម៉ូឌែលថ្មីនេះប៉ុណ្ណោះ។

យ៉ាងណា ក្នុងពេលឥលូវ យើងស្រាប់តែទទួលបានដំណឹងថ្មី មួយផ្សេងទៀត ពាក់ព័ន្ធនឹងថ្ងៃបង្ហាញវត្តមាន និងតម្លៃ ដែលត្រូវបាន​គេ​រំពឹង​ទុក ពីស្មាតហ្វូន Pixel 4 និង Pixel 4 XL នេះ អោយយើងទាំងអស់គ្នាបានដឹងមុនបណ្តើរៗ ទម្រាំដល់ថ្ងៃបង្ហាញខ្លួន ជាផ្លូវ​ការ​មកដល់។ អញ្ចឹង កុំអោយខាតពេលយូរ យើងនឹងធ្វើការបង្ហាញពីចំនុចទាំង 2 នេះ ដូចខាងក្រោម៖

•    ថ្ងៃបង្ហាញខ្លួន:

បើយើងរំលឹកពី ទូរសព្ទ Pixel / Pixel XL ដំបូង ត្រូវបានប្រកាសចេញ នៅថ្ងៃទី 04 ខែតុលា ឆ្នាំ 2016 និងត្រូវបានចេញលក់ ជា​ផ្លូវការ នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2016។ ចំណែក Pixel 2 / Pixel 2 XL ត្រូវបានប្រកាសចេញ នៅថ្ងៃទី 04 ខែតុលា ឆ្នាំ 2017 និង​ត្រូវបានចេញលក់ ជាផ្លូវការ នៅថ្ងៃទី 19 ខែតុលា ឆ្នាំ 2017។ ចំពោះ Pixel 3 / Pixel 3 XL វិញ ត្រូវបានប្រកាសចេញ នៅថ្ងៃទី 09 ខែតុលា ឆ្នាំ 2018 និងត្រូវបានចេញលក់ ជាផ្លូវការ នៅថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2018 ដូច្នេះសម្រាប់ Pixel 4 / Pixel 4 XL ត្រូវ​បាន​គេ​​រំពឹងទុកថា វាអាចនឹងបង្ហាញវត្តមាន នៅដើមខែតុលា ដូចគ្នា (ចន្លោះថ្ងៃ 04-09) ក្នុងឆ្នាំ 2019 នេះ ហើយវាអាចនឹងចេញ​លក់​ជាផ្លូវការ នៅចុងខែតុលា ឬដើមខែវិច្ឆិកា ក្នុងឆ្នាំ 2019 ផងដែរ។

•    តម្លៃ:

ស្មាតហ្វូន Pixel របស់ Google ឆ្នាំនេះ អាចនឹងបំពាក់ទំហំរ៉េមចាប់ពី 6GB ឡើង និងប្រើប្រាស់បន្ទះឈីប Snapdragon 855 ជំនាន់ចុងក្រោយ ហើយចំពោះរឿងតម្លៃវិញ សម្រាប់ម៉ូឌែល Pixel 4 អាចនឹងត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះចាប់ពី 799 ដុល្លារ ដល់ 849 ដុល្លារ។ ចំណែកម៉ូឌែលអេក្រង់ធំជាងគេ Pixel 4 XL អាចនឹងត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះចាប់ពី 899 ដុល្លារ ដល់ 949 ដុល្លារ។

សរុបមក ចំនុចទាំង 2 ខាងលើនេះ គឺគ្រាន់តែជាការរំពឹងទុក នៃថ្ងៃបង្ហាញខ្លួន ជាមួយនឹងតម្លៃរបស់ ស្មាតហ្វូន Pixel 4 និង Pixel 4 XL ជំនាន់ថ្មី ដែលត្រៀមនឹងបង្ហាញវត្តមាន នៅក្នុងពេលខាងមុខប៉ុណ្ណោះ។ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំប្រភពផ្លូវការពី Google ទេ ទើបអាចប្រាកដក្នុងចិត្តបាន!

ទាញយក

Comments
Loading...